ប្រជាពលរដ្ឋនៅភូមិបង្កោងចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ដើម្បីថែរក្សាទំនៀមចាប់ត្រីរួមគ្នា សម្រា​​ប់​​ធ្វើពិធីឡើងអ្នកតា

  • ប្រជាជន​ក្នុងភូមិ​បង្កោង ប្រុស ស្រី ចាស់ ក្មេង ប្រមាណ៥០០នាក់ បានមកប្រមូលផ្តុំគ្នា​នៅបឹងធំ​មួយ ស្ថិតនៅ​ក្នុងភូមិ​បង្កោង ឃុំអំពិល ស្រុក​ប្រា​សាទ​បាគង ​ខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ បឹងធំមួយនេះ អ្នកភូមិ​តែង​តែ​អភិរក្ស​ត្រីទុក​មិនឱ្យ​មាន​ការនេសាទ​ផ្តេស​ផ្តាស​​នោះ​ឡើយ គឺសម្រាប់តែរកត្រី​រួមគ្នាដើម្បីយក​មកធ្វើជាចង្ហាន់​ប្រគេនព្រះសង្ឃក្នុងថ្ងៃ​ឡើងមាឃ ​ឬឡើង​អ្នកតា​ ដែល​ប្រា​រព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៧ខែមករាឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់​គ្រួសារ ព្រមទាំ​ងទទួលភ្ញៀវ ដែ​លជា​ទំនៀមរបស់អ្នកស្រុក​អង្គរ ប្រារព្ធធ្វើជា​រៀងរាល់​ឆ្នាំ។

    ពិធីចាប់ត្រីរួម​គ្នានេះ បានធ្វើឡើងនៅម៉ោង៧ព្រឹក ដោយគណៈកម្មការ​ភូមិបាញ់កាំ​ជ្រួច បន្លឺស្នូរ​ជា​សញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបាន។ ដោយ​ឡែក​ការ​រកត្រីនេះ អនុញ្ញាតឱ្យតែប្រ​ជា​ជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យប្រជាជនក្រៅចុះចាប់នោះឡើយ និ​ង​​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និង​សំណាញ់ជាដើម។

    ចំពោះការចាប់ត្រីនេះដែរ គណៈ​កម្មការបាន​កំណត់ជាពីរផ្នែក។ ជាដំបូង​ប្រជាជន​ទាំងអស់​​អាចរក​ត្រីទុក​សម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយ​ផ្នែក​នៃ​បឹង​​ដែល​ដាក់សម្រាស់ការពារមិនឱ្យចា​ប់​ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះស​ង្ឃ។

    លោក ពេជ្រ ឃិន មេភូមិបង្កោង បានរៀប​រាប់ថា ដោយនៅឆ្នាំនេះ​ខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង ទើបមិនសូវ​សប្បូរត្រី ហើយគណៈ​​កម្មការ​គ្រប់​គ្រង និងអភិរក្សបឹងបានប្រ​លែ​ងកូនត្រីប្រមាណ១៥០០ក្បាល កាលពីអំឡុងខែ១០ ដើម្បីរក្សាទិន្នផលត្រីបានផ្គត់ផ្គង់​កម្មវិធីនៅឆ្នាំនេះបន្ត។

    លោកបន្តថា ការចាប់ត្រីឡើងមាឃនេះ មានជាយូរយារមកហើយ ឱ្យតែមកដល់ខែមាឃ បន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវ​ក្នុងជង្រុក​រួច​រាល់​។​ លោកបញ្ជាក់ថា ការរៀបចំបានអឹកធឹកប្រមាណជាង១០ឆ្នាំកន្លងមកនេះ នៅពេលលោកមានតួនាទីជាមេភូមិក្នុងភូមិបង្កោង។ លោក​តែង​​​តែ​អប់រំប្រជាជនក្នុងភូមិ និងអ្នកណា​ក៏ដោយដែលនឹងក្លាយជាអ្នកដឹកនាំបន្តវេនពី​លោក ធ្វើយ៉ាងណាថែរក្សា​ទំ​នៀម​ទម្លាប់នេះ​ឱ្យបាន​គង់​វង្ស​សម្រាប់​កូនចៅជំនាន់ក្រោយ។ លោក​បន្ថែមថា ក្រៅពីថែរក្សាទំនៀមទម្លាប់ដូនតា កម្មវិធីនេះក៏បានបង្ហាញពីសាមគ្គីភាព ការសហការ​រវាង​ប្រជាជន​នៅក្នុងភូមិ ដោយហេតុថាបើលោកតែម្នាក់ឯង ក៏មិនអាចធ្វើឱ្យកម្មវិធីរលូនទៅមុខបានដែរ ដែលទាមទារ​ឱ្យ​មាន​ការ​គាំទ្រ​ពីប្រជា​ជន​ ក្នុង​នាមលោក​ជាអ្នកដឹកនាំ គ្រាន់តែបង្ហាញផ្លូវប៉ុណ្ណោះ។

    អ្នកស្រី ឆៃ ណាត ដែលកំពុងមមាញឹក​ចាប់ត្រី ដៃម្ខាងកាន់អង្រុតដៃម្ខាងរាវរកត្រីក្នុងអង្រុត បាននិយាយដោយទឹកមុខ​រីករាយថា អ្នកស្រី​បាន​ក្រោក​មក​ជាមួយ​អ្នកភូមិតាំងពីម៉ោង៥ មកម្ល៉េះ។អ្នកស្រីបន្តថា ឆ្នាំនេះមិនសូវសម្បូរត្រីដូចឆ្នាំមុនៗនោះទេ ដោយសារតែឆ្នាំនេះមិនមានទឹកធំ មានតែទឹកភ្លៀងប៉ុណ្ណោះ បណ្តាលឱ្យទិន្និផលត្រីធ្លាក់ចុះ។ អ្នកស្រីបន្តថា ថ្វីត្បិតតែមិនសូវសម្បូរ តែលោកស្រី​នឹង​យក​​ត្រី​មួយ​ចំនួន​សម្រាប់​ធ្វើម្ហូប​ និងធ្វើសម្លទឹកនំបញ្ចុក ជាចង្ហាន់សម្រាប់ប្រគេន​ព្រះសង្ឃនៅថ្ងៃឡើងមាឃ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង