អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករ នៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ

  • ចម្លាក់​ទោល «សត្វម្ករ» ​ដ៏ធំ​ ដែល​បាន​ចុះផ្សាយ​ដោយប​ណ្តាញ​សង្គម កាល​ពីថ្ងៃទី​១៨ ​ខែមករា ​ឆ្នាំ២០​២០ ​កន្លង​មកនេះ​ មាន​ទីតាំង​នៅ​ទំនប់​ទឹកមុជ​ជាទំនប់​ទឹកបុរាណ​មួយនៅជេីង​ភ្នំគូលេន ដែលស្ថិត​នៅទិស​ពាយ័ព្យនៃ​រមណីយដ្ឋាន​ប្រាសាទបេង​មាលា ក្នុងភូមិសាស្រ្ត​ភូមិ​ទឹក​លេច ឃុំ​បេងមា​លា ស្រុកស្វាយ​លើ ​ខេត្តសៀមរាប។​

    តាម​ការចុះពិនិត្យជាក់​ស្តែង​របស់អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ ឃើញ​មាន​បំណែក​វត្ថុសិល្បៈ​ចំនួន១៤​បំណែក​ដូចជា ​ចម្លាក់​ក្បាល​ម្ករ​ដ៏ធំ ​(បណ្តោ​យ​ទំហំ២១​៣០​មីលីម៉ែត្រ ​ទទឹង​៩៥០​មីលីម៉ែត្រ​ និងកម្ពស់​ទំហំ​១០៩០​មីលីម៉ែត្រ​) ចំនួន០១ រួម​ទាំង​បំណែក​ដង​ខ្លួន​មាន​សណ្ឋាន​ជាទរ​ទឹក​និង​គម្រ​បទរ​ព្រមទាំង​បំណែក​វត្ថុសិល្បៈ​ផ្សេងៗ​ទៀត ដែលនៅរាយ​ប៉ាយក្បែរ​នោះ។ ប្រជាពល​រដ្ឋមា​ន​ជំនឿ​និងគោរព​បូជាបដិមា​នេះ​ជាយូរមក​ហើយ​រហូត​មកដល់បច្ចុប្បន្​។ ក្រៅពីនោះ​ ក៏មានស្លាកស្នាម​ជាការដ្ឋាន​យកថ្មភក់​ពីបុរាណ​ជាច្រើន​កន្លែង​នៅក្បែរៗ​នោះ​ដែរ។​

    លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅឧទ្យាន​អង្គរ បញ្ជាក់ថា​ អាជ្ញាធរជាតិ​អប្សរានឹង​បន្តការសិក្សា​ស្រាវជ្រាវ​បែបបុរាណ​វិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រង​ជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្ស​ដើម្បីលើក​តម្លៃបេតិភណ្ឌជាតិ ព្រមទាំង​ថែរក្សា​ជំនឿ​របស់ប្រជាពល​រដ្ឋក្នុងតំបន់។

    លោក​ អ៊ឹម ​សុខរិទ្ធី ​បុរាណវិទូនិងជាប្រធាននាយដ្ឋាន​អភិរក្ស​ប្រាសាទក្នុង​ឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ​នៃអាជ្ញាធរអប្សរា​បានឱ្យដឹងថា៖ ម្ករគឺ​ជាត្រីសមុទ្រមួយ​ប្រភេទ មាន​ខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញ​និងចង្កូមស្ញាញ​គួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករ​ឬឆ្លាមម្ករ។ ជា​ប្រភេទ​សត្វ​ពេញ​និយម​តំណាលក្នុងរឿងព្រេង​ទេវកថា​របស់ព្រហ្មញ្ញ​សាសនា​និងព្រះពុទ្ធសា​សនា។

    ខ្មែរបង្ហាញ​ម្ករ​នៅ​តាមចម្លាក់​លើជញ្ជាំងប្រាសាទ ហោរជាង ​ផ្តែរ និ​ងចម្លាក់​ទោល។ តាមទេវក​ថាព្រះឥសូរ ​ម្ករជាយាន្តជំនិះ​របស់​ព្រះនាង​គង្គា តំ​ណាង​ឱ្យ​ទឹកបរិ​សុទ្ធ ជាទឹក​មន្ត។ ដូច្នោះហើយ​បានជាម្ករមានវត្តមានយ៉ាងសំខាន់នៅតាមប្រាសាទនិងចម្លាក់។ ម្ករអាច​មាន​ទ្រង់ទ្រាយ​រូបភាព​ផ្សេងៗ​​អាស្រ័យ​តាមរចនាបថ​សិល្បៈ​នៃសម័យ​កាលមួយៗ។ សិល្បករ​ច្នៃប្រឌិត​រូបភាពម្ករ​បន្តិចម្តងៗ​ទៅតាម​ទេពកោសល្យរ​បស់ខ្លួន ហើយ​ក៏ឃ្លៀ​ង​ឃ្លាត​ពីធម្មជាតិរបស់​ខ្លួនទៅ។

    គេអាចមើលឃើញម្ករនៅ​ក្នុងចម្លាក់សិល្បៈ នៅលើ​ផ្តែរ បង្តាន់ដៃកាំ​ជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូល​នៃប្រាសាទដែល​ជា​ទបង្ហូរទឹក។ ម្ករក៏​មាន​តួនាទី​ជា​អ្នកយាម​ទ្វារដែរ។ ជាពិសេស ម្ករមានបង្ហាញខ្លួននៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែលភាសាបច្ចេកទេសហៅថា «សោម​សូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយបើកចំហរមាត់ផង។

    ដោយពិនិត្យលើរចនាបថសិល្បៈរបស់​ចម្លាក់ អ្នកជំនាញយល់​ថា ប្រហែលស្ថិតក្នុងសតវត្សរ៍​ទី១១ ដោយយោង​តាមចម្លាក់បដិ​មា​ស្រដៀងនឹ​ង​រចនាបថ​សិល្បៈ​នៅប្រាសាទបេង​មាលា ដែលរូបម្ករនេះ​ទំនងជា​ឆ្លាក់និងរៀប​ចំជាក្បាលនៃទរទឹក​របស់​ស្ទឹង​ទឹកមុជ៕

    អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង