ត្រីប៉ាវ៉ាមុខពីរ ដែលស្ថិតបញ្ជីក្រហមជិតផុតពូជពីភពផែនដី តែនៅកម្ពុជាមានច្រើន

  • អង្គការ​ Wonders of the​ Mekong បាន​ចេញ​ផ្សាយ​ព័ត៌មាន​របស់ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ថា​ ត្រីមួយ​ប្រភេទ​ឈ្មោះ​ ត្រី​ប៉ា​វ៉ា​មុខ​ពីរ​ មាន​ឈ្មោះ​តាម​បែប​វិទ្យាស្ត្រ​ថា (Incisi​labeobehri) វា​ជិត​ផុត​ពូជ​នៅលើ​ភពផែនដីទៅ​ហើយ ។ ត្រីប៉ាវ៉ា​មុខ​ពីរ​នេះ​ មាន​ក្បាល​ចម្លែក ​វាធ្វើ​ដំ​ណើរ​ចេញ​ពី​ទន្លេ​សេ​សាន​ សេកុង ​និង ​ទន្លេ​ស្រែ​ពក តាំង​ពីវា​នៅតូច​ៗ​ ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ។

    ត្រីប៉ា​វ៉ា​មុខ​ពីរ​ ពួក​វាប្រហែល​ជាចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ឬ ក៏អាចហែល​ទៅ​លើ​ដល់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ​និង​ ភាគ ​ឦសាន​នៃប្រទេស​ថៃ ដើម្បីរក​ចំណី (ស្លែ​នៅ​តាម​ដុំថ្ម)។ ត្រី​ប៉ាវ៉ា​មុខ​ពីរ​នេះ ​ពង-​កូន​នៅ​ចំ​កណ្តាល​ទន្លេ​សេកុង​ក្នុង​ នា​ខែ​កក្កដា​ និង ​ខែ​សីហា​ ។ វាអាច​មាន​ទំហំ​ធំ​បំផុត​ដល់​ទៅ ​៦០សង់​ទីម៉ែត្រ​ ។ បុគ្គលិក​គម្រោង​របស់​អង្គការ​ ​Wonders ​of the ​Mekong​ បាន​ជួប​ប្រទះ​ត្រី​សម្បុរ​ស្អាត​នេះ នៅផ្សារត្រីខេត្តស្ទឹងត្រែង នៅក្នុងខេត្តអាតាពឺ និង ខេត្តសេកុង ប៉ែកខាងត្បូងនៃប្រទេសឡាវ អ្នកភូមិ​បាន​បង្កើត​តំបន់​ការពារ​ដើម្បី​អភិរក្ស​ត្រី​ប្រភេទ​នេះ​ក្នុងរដូវ​ប្រាំង ហើយក៏​មាន​គម្រោង​នឹង​បិទ​ការនេសាទ​ក្នុងរដូវ​ត្រី​ពង​ផង​ដែរ​ ។

    ត្រីប៉ាវ៉ាមុខពីរ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទត្រីរងគ្រោះ។ ការប្រ​ឈម​ដ៏​ចម្បង​របស់​វា​គឺការ​ប្រើ​ប្រាស់​​មង​សម្រាប់​ចាប់​ពួកវា​ ក្នុងរដូវ​ត្រីពង និង​ ពេលវា​ផ្លាស់ទី​ដើម្បីរក​ចំណី​។ កំណើន​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ និង សំណើ​ក្នុង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជះឥទ្ធិពលអវិជ្ជមាន​ដល់ត្រី​ប្រភេទនេះ នៅអំឡុង​ពេលវា​ធ្វើចរាចរ ។ គេត្រូវ​ធ្វើ​ផែន​ការ​ក្នុង​ការ​ស្រាវ​ជ្រាវ ​និង អភិរក្សគឺ​ត្រូវការជាចាំបាច់ដើម្បីឈ្វេងយល់ និង ការពារ​ប្រភេ​ទត្រីដ៏អស្ចារ្យ​មួយប្រភេទនេះ នៅ​ក្នុង​ទន្លេ​មេគង្គមួយ​នេះ​ឱ្យ​នៅ​គងវង្ស​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង